Pages Menu
The way of success, there are none lazy people's footprints!

នាំមកជូនដោយ កាល​ពី​ មេសា ១៩, ២០១៧ ក្នុងផ្នែក ចំណេះដឹង

កូនសម្លាញ់! កូនសមនឹងទទួលបានល្អជាងនេះ

កូនសម្លាញ់! កូនសមនឹងទទួលបានល្អជាងនេះ

Submit

វិស័យអប់រំដើរតួនាទីសំខាន់ណាស់ក្នុងការកសាងធនធានមនុស្ស។ ​វិស័យ​នេះ​កំពុង​តែ​រីក​ចម្រើន ក្នុង​ស្ថាន​ភាព​ដ៏​របាក់​រប៉ើក នឹងផុយ​ស្រួយ​នៅ​ឡើយ បើ​ធៀប​នឹង​ប្រទេស​ជាតិ​ខាង។ តើកម្ពុជាអភិវឌ្ឍធនធានមនុស្សបានកម្រិតណា?

វិស័យអប់រំ ជាសេនាធិការ​របស់​រដ្ឋាភិបាល មាន​ភារកិច្ច​កសាង​ធនធាន​មនុស្ស ដែល​ភាគ​ច្រើន​ជាយុវជន ឲ្យ​ក្លាយ​ជា​ទំពាំង​ស្នង​ឬស្សី តាម​ការ​ផ្ទេរ​ចំណេះដឹង​វិជ្ជា​ជីវៈ និង​សីលធម៌។ ចំណេះដឹង​ទាំង​នេះ ត្រូវ​បាន​ផ្ទេរ​ទៅកាន់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន តាម​ការ​រៀបចំ​បង្កើត​ជា​សាលារៀនតាំង​ពី​កម្រិត​មតេយ្យ បឋមសិក្សា វិទ្យាល័យ និងមហាវិទ្យាល័យ។ ក្នុងនោះ គ្រួដើរតួនាទីសំខាន់ ដែល​គេ​មិន​គួរ​មើល​រំលង​ឡើយ។

គ្រូ​ដើរ​តួនាទីសំខាន់​ក្នុង​ការ​ផ្ទេរ​ចំណេះដឹង ទិន្នន័យ​នានា ដោយ​ផ្ទាល់ ចូល​ទៅ​កាន់​ខួរ​ក្បាល​សិស្ស។ វា​ពិត​ជា​សំខាន់​ណាស់ ថា​ទិន្នន័យ​ទាំង​នោះ​មាន​ភាព​ត្រឹម​ត្រូវ មាន​បច្ចុប្បន្នភាព និង​អាច​ទុក​ចិត្ត​បាន។ ក្រៅ​ពី​នេះ សិល្បៈ នៃ​ការ​ផ្ដល់​ចំណេះ​ដឹង​ពី​គ្រួ ទៅ​កាន់​សិស្ស ដើរ​តួនាទី​សំខាន់​ខ្លាំង​ណាស់  ព្រោះ​វា​ជា​ដើមចម ដែល​ធ្វើ​ឲ្យ​សិស្ស​សម្រេច​ចិត្ត​ដាក់​ការ​ស្រឡាញ់​លើ​ការ​សិក្សា​ឬ​អត់។ វា​ជា​ការ​កំណត់​ជោគវាសនា​របស់​សិស្ស​ខ្លួន​​ឯង​ផង និង​អនាគត​ប្រទេស​ជាតិ​ផង។

គ្រូ​បង្រៀន​ល្អ ត្រូវ​មាន​លក្ខណៈ​សម្បត្តិ ៥យ៉ាង​មិន​អាច​ខ្វះ​បាន។ ទី១ ស្រឡាញ់​មុខរបរ​វិជ្ជា​ជីវៈ​ជា​គ្រូ​បង្រៀន ទី២ ស្រឡាញ់​ការ​ផ្ដល់​ចំណេះដឹង​ទៅ​កាន់​សិស្ស ទី៣ មាន​សិល្បៈ​ក្នុង​ការ​ពន្យល់ ទី៤ ធ្វើ​ឲ្យ​សិស្ស​ស្រឡាញ់​ការ​សិក្សា និង​ទី៥ ធ្វើ​ឲ្យ​សិស្ស​ស្រឡាញ់​ពេញចិត្ត​មុខវិជ្ជា ដែល​ខ្លួន​កំពុង​បង្រៀន។

ងាក​មក​មើល​ចរិត​គ្រូ​បង្រៀន​ខ្មែរ​មួយ​ចំនួន​វិញ​ម្ដង។ ការ​បញ្ចូល​ចំណេះដឹង​ទៅ​កាន់​សិស្ស​ដោយ​បង្ខំ និង​ភាព​គ្មាន​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​រៀប​ចំ​មេរៀន ធ្វើ​ឲ្យ​សិស្ស​ជា​ច្រើន​ធុញ​ថប់​ក្នុង​ការ​រៀន។ រៀន​គណិត​វិទ្យា​មិន​ចាំ​បាច់​យល់​ទេ គ្រាន់​តែ​ចាំ​រូបមន្ត ចាំ​របៀប​ធ្វើ រួច​ធ្វើ​លំហាត់​យក​ពិន្ទុ​ទៅ។ ចំណេះដឹង​ជាក់​ស្ដែង​ពី​គណិតវិទ្យា​ក៏​អត់ ហេតុ​ផល​នៅ​ពី​ក្រោយ​នៃ​បញ្ហា​ក៏​យល់​មិន​ច្បាស់ តើ​ធ្វើ​ម្ដេច​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ចំ​គោលដៅ? បើ​និយាយ​ពីមុខ​វិជ្ជា​ដទៃ​ទៀត​វិញ គ្រាន់​តែ​ចម្លង​មេរៀន​ពី​សៀវភៅ​ពុម្ព​របស់​ក្រសួង​ចូល​សៀវភៅ​សរសេរ បាតុភូត​ពន្យល់​ក្នុង​ភាព​ស្រពេច​ស្រពិល មិន​ច្បាស់​លាស់ សិស្ស​តាម​មិន​ទាន់​ក៏​ពិបាក​សួរ គ្រូ​មួយ​ចំនួន​មិន​ច្បាស់​បាតុភូត​ផង ក៏​ចេះ​តែ​បង្រៀន​លំៗ​ឲ្យ​តែ​ចប់​មេរៀន។ តើ​វិស័យ​អប់រំ​ និង​ធនធាន​មនុស្ស​ខ្មែរ អាច​មាន​គុណភាព​ដោយ​វិធី​ណា?

ចិត្ត​សាស្ត្រ​របស់​ក្មេង ធ្វើ​អ្វី​ក៏​ដោយ ត្រូវ​ទៅ​ជាមួយ​នឹង​ការ​យល់​ដឹង​ច្បាស់​លាស់ និង​ល្អិត​ល្អន់ ថាមុខ​វិជ្ជា​កំពុង​រៀន​នោះ​ជា​អ្វី? ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ត្រូវ​រៀន​វា? ចង់​មិន​ចង់ កាលណា​សិស្ស​យល់​ពី​មូលហេតុ នៃ​ការ​ធ្វើ​អ្វី​មួយ ពួក​គេ​មុខ​ជា​មាន​ចំណូល​ចិត្ត និង​ឆន្ទៈ​រៀន​ជាក់​ជា​មិន​ខាន។ ពួក​គេ​នឹង​ដាក់​កាយ​ដាក់​ចិត្ត​រៀន ដោយសារ​ពួក​គេ​យល់​ពី​ហេតុ​ផល។ ដូច្នេះ វា​ចាំបាច់​ណាស់ ដែល​គ្រូ​ត្រូវ​ចាក់​គ្រឹះ​ក្នុង​ខួរ​ក្បាល​សិស្ស ឲ្យ​យល់​ពី​មូលហេតុ និង​សារៈសំខាន់ នៃការ​រៀន​មុខ​វិជ្ជា​នីមួយៗ​ជា​មុន។ កាលណា​គ្រឹះ​ត្រូវ​បាន​ចាក់​រឹង​មាំ​ហើយ សំណង់​អាគារ​ច្បាស់​ជា​មាន​ភាព​រឹង​មាំ និង​ដំណើរ​ការ​ទៅ​បាន​យ៉ាង​រលូន។

ម្យ៉ាង​វិញ​ទៀត គ្រូ​ត្រូវ​តែ​លើក​ទឹក​ចិត្តឲ្យ​សិស្ស​សួរ​សំណួរ។ គ្រូ​មួយ​ចំនួន​នៅ​មិន​ទាន់​បើកចិត្ត​ឲ្យ​ទូលាយ​នៅ​ឡើយ ក្នុង​ការ​ទទួល​សំណួរ​ពី សិស្ស។ ចម្លើយ​ដែល​បាន​មក​ច្រើន​ថា ឲ្យ​សិស្ស​ស្រាវជ្រាវ​ខ្លួន​ឯង ឬ គ្រូ​មិន​រីករាយ​ក្នុង​ការ​ឆ្លើយ​សំណួរ​សិស្ស។ នេះ​ជា​ការ​បិទឱកាស ក្នុង​ការ​ផ្ដល់​ចំណេះ​ដឹង​ដល់​សិស្ស និង​ការ​ទទួល​ចំណេះដឹង​ថ្មីៗ​របស់​គ្រូ​ខ្លួន​ឯង​ផង។ កាលណា​សិស្ស​សួរ​សំណួរ វា​គួរ​តែ​ជា​អ្វី​ដែល​គួរ​សាទរ នឹង​លើក​ទឹក​ចិត្ត ព្រោះសិស្ស​ចេះ​ស្វែង​ឆ្ងល់ ទើប​ស្វែង​សួរ។ មាន​សិស្ស​ជា​ច្រើន​ទៀត​ដែល​ឆ្ងល់ តែ​គ្មាន​ភាព​ក្លាហាន​ក្នុង​ការ​សួរ។ ទោះ​ជា​គ្រូ​មិន​ដឹង​ពី​ចម្លើយ ក៏​គួរ​តែ​ទទួល​សំណួរ​នោះ រួច​យក​ទៅ​ស្រាវជ្រាវ ដើម្បី​ពន្យល់​ទៅ​កាន់សិស្ស។

ពាក្យ​ទំនៀម​បុរាណ​ខ្មែរ​ថា «គ្រូ​ជា​ឪពុក​ម្ដាយ​ទី២»។ បើ​និយាយ​ពី​ឪពុក​ម្ដាយ​ទី១ ដែល​ហៅ​ថា​ឪពុក​ម្ដាយ គឺ​ចិញ្ចឹម​កូន​ដោយ​សារ​ស្រឡាញ់ ដោយ​ក្ដី​អាណិត និង​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ងាក​មក​មើល​ឪពុក​ម្ដាយ​ទី២ មួយ​ចំនួន​វិញ​ម្ដង។ ម៉ោង​រដ្ឋ​បង្រៀន​មិន​យក​ចិត្ត​ទុក​ដាក់ មក​រៀន​យឺត ឧស្សាហ៍​ឈប់ ពន្យល់​សិស្ស​មិន​បាន​ដិត​ដល់ បើ​ចង់​យល់​ថែម កុំ​ភ្លេច​បង់​លុយ​រៀន​គួរ​ទៅ។ គួរ​ក៏​បង្រៀន ក្រដាស​មេរៀន​ក៏​លក់ ប្រឡង​យក​លុយ។

ដោយ​តាំង​ខ្លួន​ឯង​ថា ជាឪពុក​ម្ដាយ​គេ​នេះ​ហើយ ទើប​គ្រូ​មួយ​ចំនួន​ស្រែក​ទារ​គុណ​ពី​សិស្ស​វិញ​ស្ទើរ​រៀង​រាល់ថ្ងៃ។ បើ​ចិត្ត​អាណិត​សិស្ស មាន​គុណ​ទៅ​កាន់​សិស្ស​មែន ច្បាស់​ជា​បង្រៀន​អស់​ពី​ចិត្ត​ពី​ថ្លើម មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទេ។ និយាយ​បែប​នេះ មុខ​ជា​គ្រូ​មួយ​ចំនួន​ឆ្លើយ​តប​ថា មក​ពី​កត្តា​ជីវភាព ក្រពះ​ឃ្លាន បង្រៀន​មិន​កើត។

សិស្ស​ជា​ច្រើន​ណាស់ ដែល​រង​សម្ពាធ​ពីគ្រូ តាម​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សិស្ស មាន​ស្ដង់​ដារ​ពីរ។ សិស្ស​រៀន​គួរ ត្រូវ​បាន​គ្រូ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ឲ្យ​សួរ​សំណួរ ផ្ដល់​ឱកាស និង​អាទិភាព​ច្រើន​ជាង​គេ លើក​សរសើរ​រាល់​ម៉ោង ព្រម​ទាំង​លួច​ទំនុក​បំរុង​ពិន្ទុ​បន្ថែម​ទៀត​ក៏​មាន។ សិស្ស​រដ្ឋ​មិន​ខ្វល់ រៀន​មិន​ចេះ​ហី​ទៅ បើ​មិន​ស្វែង​រៀន​បន្ថែម​នៅ​ផ្ទះ អត់​ចេះ​ហី​ទៅ។ គ្រូ​អត់​ខ្វល់ សំខាន់​ឲ្យ​តែ​បាន​លុយ​ចូល​ហោប៉ៅ។

និយាយ​បែប​នេះ​មិន​មែន​គ្រូ​ទាំង​អស់​សុទ្ធ​តែ​ពុក​រលួយ​ទេ។ ក៏​មាន​ដែរ​គ្រូ​ល្អ យកចិត្ត​ទុក​ដាក់​នឹង​សិស្ស បង្រៀន​ទាល់​តែ​យល់ បង្រៀន​សិស្ស ជាង ៥០០នាក់តែ​ឯង ហើយ​បង្រៀន​ពីរ​វេន​ទៀត​ផង តែ​មិន​សូវ​សំបូរ​ទេ​នៅ​ក្នុង​ទៅ​ក្រុង ច្រើន​តែ​មាន​នៅ​ទៅ​ជនបទ ចុង​កាត់​មាត់​ញក។

កាល​ណា​លែង​មាន​អំពើ​ពុក​រលួយ​បែប​នេះ សិស្ស​ទាំង​អស់ នឹង​លែង​ប្រជែង​គ្នា​រៀន​គួរ​ច្រើន​មុខ​ ដើម្បី​យក​ចិត្ត​គ្រូ​ទៀត​ហើយ ហើយ​គ្រូ​លែង​អាច​បង្រៀន​គួរ លែង​ស៊ុំ​គ្រលុំ​នឹង​សិស្ស​បាន ខំ​បង្រៀន​ឲ្យ​អស់​ពី​លទ្ធភាព​នៅ​ម៉ោង​រដ្ឋ។ សិស្ស​ក៏​ខំ​យក​ចិត្ត​ទុក​ដាក់​នៅ​ម៉ោង​អប់រំ​រដ្ឋ​ច្រើន​ជាង​មុន ហើយ​ខំ​រៀន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បន្ថែម។ សិស្ស​ទាំង​អស់​នឹង​ប្រកួត​ប្រជែង​គ្នា​ដោយ​យុត្តិធម៌ និង​ស្មើ​ភាព​គ្នា។ ពួក​គេ​នឹង​សល់​ពេលវេលា​ដ៏​ច្រើន សម្រាប់​រៀន​ភាសា​បន្ថែម រៀន​កុំព្យូទ័រ ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ និង​ធ្វើ​អ្វី ដែល​គេ​ស្រឡាញ់​ចូល​ចិត្ត។

រយៈពេល ៤ឆ្នាំ​ចុង​ក្រោយ នៃ​កំណែ​ទម្រង់​វិស័យ​អប់រំ ចំណុច ដែល​គេ​សង្កត់​ធ្ងន់​ជាង​គេ​នោះគឺ កំណែ​ទម្រង់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ បាក់ឌុប។ ចាប់តាំង​ពីឆ្នាំ ២០១៤ មក​ម្ល៉េះ មាន​ការ​រឹត​បណ្ដឹង មិន​អនុញ្ញាត​ឲ្យ​យក​សំណៅ​ឯកសារ ម៉ាស៊ីនគិតលេខ និង​ទូរស័ព្ទ​ដៃ​ចូល​មណ្ឌល​ប្រឡង​ទេ និង​មាន​អ្នក​សង្កេត​ការ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ចាំ​ឃ្លាំ​មើល មិន​ឲ្យ​មាន​អំពើ​ពុក​រលួយ សូក​អនុរក្ស និង​បេក្ខជន​លួច​ចម្លង ឬ ពិភាក្សា​ផ្ទៀង​ផ្ទាត់​ចម្លើយ​គ្នា​បាន​ទេ។

ឲ្យ​មែនទែន​ទៅ កែទម្រង់​តែ​ពេល​ប្រឡង ហេតុ​ម្ដេច​មិន​កែ​ទម្រង់​ពេល​បង្រៀន​ផង? វា​ប្រៀប​ដូច​ជា​នំសូកូឡា​មួយ ដែល​គេ​ចង់​បង្កើន​គុណភាព បែរ​ជា​ផ្លាស់​ប្ដូរ​តែ​ផលិត​ផល​សម្រេច​នៅ​ពេល​វេច​ខ្ចប់ តែ​មិន​ផ្លាស់​ប្ដូរ​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ផលិត។ ថា​តើ នំ សូកូឡា​អាច​ផ្លាស់​ប្ដូរ​រសជាតិ​ឲ្យ​កាន់​តែ​ឆ្ងាញ់ ដោយ​វិធី​ណា?

ពិនិត្យ​មើល​ឲ្យ​មែន​ទែនទៅ អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ និង​រង​សម្ពាធ​ខ្លាំង​ជាង​គេ​ពី​កំណែទម្រង់​នេះ គឺ​សិស្ស។ បើ​គុណភាព​ចំណេះដឹង​មិន​សូវ​ល្អ​ផង ចាប់​សិស្ស​ដាក់​ចូល​ក្នុង​ការ​ប្រឡង​ដ៏​តឹង​ទៀត សិស្ស​ចង់​មិន​ចង់ ទោះ​ស្រឡាញ់​ការ​រៀន​ឬ​អត់ ក៏​ត្រូវ​ដាក់​ចិត្ត​រៀន​ទាំង​បង្ខំ។ ចេះ​ឬ​មិន​ចេះ វា​លែង​សំខាន់​ហើយ សំខាន់​ធ្វើ​ម៉េច​ឲ្យ​តែ​ប្រឡង​ជាប់។ ចេះ​តែ​ទន្ទេញ​រូបមន្ត​ឲ្យ​ចាំ​ទៅ មិន​ចាំ​បាច់​យល់​អ្វី​ទាំង​អស់។ សំណាង​ល្អ ក៏​ប្រឡង​ជាប់ ទទួល​បាន​សញ្ញាបត្រ​នឹង​គេ។ តើ​ធនធាន​មនុស្ស​គ្មាន​គុណភាព​បែប​នេះ អាច​ធ្វើ​ជា​ទំពាំង​ស្នង​ឬស្សី​ដោយ​របៀប​ណា?

តើ​កំណែ​ទម្រង់​ដ៏​ផុយ​ស្រួយ​បែប​នេះ​អាច​សម្រេច​ផល​បាន​ដែរ​ឬទេ? សិស្ស​ចេញ​ពី​សាកលវិទ្យាល័យ​ជាង ១០ម៉ឺន​នាក់​រៀង​រាល់​ឆ្នាំ។ ជាង​ពាក់​កណ្ដាល​នៃ​ពួក​គេ គ្មាន​ឡើយ​ការងារ​ធ្វើ។ ពួក​គេ​រអ៊ូ​ថា​គ្មាន​ឱកាស​ការងារ​ទេ។ ប៉ុន្តែ​ថៅកែ និង​ម្ចាស់​អាជីវកម្ម បែរ​ជា​ត្អូញ​ត្អែរ​ពី​ការ​ពិបាក​ជ្រើស​រើស​បុគ្គលិក ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ មក​បំពេញ​ការងារ​ទៅវិញ។

កំណែ​ទម្រង់​វិស័យ​អប់រំ មិន​មែន​ត្រឹម​តែជា​ការ​ទទួល​ខុស​ត្រូវ​របស់​គ្រូ សិស្ស និង​ក្រសួង​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការទទួល​ខុស​ត្រូវ​របស់​មនុស្ស​គ្រប់​គ្នា​ក្នុង​សង្គម។ ក្នុង​សម័យ​នេះ គេ​សង្កេត​ឃើញ​ថា​វត្ត​អារាម វិហារ​សាសនា​ ត្រូវ​បាន​សាធារណជន​ផ្ចុង​ផ្ដើម​ជា​ហូរ​ហែរ ទោះ​បី​ជា​រវល់​នឿយ​ហត់ ក្រខ្សត់​យ៉ាង​ណា ក៏​នៅ​តែ​បេះ​ពី​មាត់​ពី​ក ដើម្បី​ភាព​រីក​ចម្រើន​នៃ​សាសនា។ ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​គេ​នឹង​មិន​ឃើញ ពី​ការ​កសាង​សាលារៀន? វា​ប្រៀប​បាន​នឹង​ការ​កសាង​ធនធាន​មនុស្ស និង​ខ្មែរ​ជំនាន់​ថ្មី ប្រកប​ដោយ​ការ​ចេះដឹង និង​នាំ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ក្នុង​សង្គម មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​សាធារណៈ​របស់​រដ្ឋ។

គេ​អាច​ទាញ​សន្និដ្ឋាន​បាន​ថា វិស័យ​អប់រំ​អាច​រីកចម្រើន​បាន កាល​ណា​មាន​ការ​ចូលរួម​ពី​សាធារណជន។ កាល​ណា​អស់​អំពើ​ពុក​រលួយ វិធី​សាស្ត្រ​បង្រៀន​ទំនើប សិស្ស​យល់​ដឹង និង​ស្រឡាញ់​ការ​សិក្សា នោះ​វិស័យ​អប់រំ​ខ្មែរ​នឹង​រីកចម្រើន​ជា​លំដាប់។ ប្រសិន​បើ​ស្ថាន​ភាព​អប់រំ​នៅ​តែ​ដដែល តើ​មនុស្ស​ជំនាន់​នេះនៅ​បន្ត​ចង់​ឲ្យ​កូនៗ និង​ចៅៗ​របស់​អ្នក​ស្ថិត​ក្នុង​សភាព​បែប​នេះ​បន្ត​ទៀត​ឬ​យ៉ាង​ណា?

 

នាំ​មក​ជូន​ដោយ ឃុន ពិទី

ជាមួយ​ពិសោធន៍ ៧ឆ្នាំ​ផ្នែក​កុំព្យូទ័រ លោក​បាន​ងាក​មក​និពន្ធ​អត្ថបទ​ចែករំលែក​ចំណេះដឹង​ដល់​មិត្ត​អ្នក​អាន ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សង្គម និង​ចំណេះ​ដឹង​ប្លែកៗ៕

អត្ថបទទាក់ទង៖

 

អត្ថបទ​ចុង​ក្រោយ

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ​​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​ ឆ្លើយ​តប​នឹង​បញ្ហា​បាត់​ប់ង់​ម៉ោង​សិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បន្ថែម​ពេលវេលា​សិក្សា​មួយ​ខែ​នៅ​ចុង​ឆ្នាំ​សិក្សា ដើម្បី​ដោះ​ស្រាយ​បញ្ហា​បាត់​បង់​ពេលវេលា​សិក្សា​ បន្ទាប់​ពី​របាយការណ៍​ស្រាវជ្រាវ​មួយ​បាន[...]

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

មេរៀន​ទាំង ៥ ដែល​លោក​អ្នក​គួរ​រៀន​ពី​ម្ចាស់​ស្ត្រី Elizabeth II

ម្ចាស់​ស្ត្រី Elizabeth II បាន​​ក្លាយ​ជា​ព្រះរាជា ដែល​សោយ​រាជ្យ​សម្បត្តិ​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស បន្ទាប់​ពី​ម្ចាស់​ស្ត្រី Victoria។ ទ្រង់​បាន​គ្រង​រាជ្យ​អស់​រយៈពេល​ជាង ៦៣ឆ្នាំ[...]

កំហុស​ញឹកញាប់ ៨ចំណុច ដែល​រារាំង​អ្នក​ក្នុង​ការងារ

កំហុស​ញឹកញាប់ ៨ចំណុច ដែល​រារាំង​អ្នក​ក្នុង​ការងារ

ការ​ទទួល​បាន​ការ​គាំទ្រ​គំនិត ត្រូវ​ចំណាយ​កម្លាំង និង​គំនិត​ច្នៃ​ប្រឌិត។ ក្រៅ​ពី​នេះ វា​ក៏​ទាម​ទារ​ឲ្យ​មាន​ការ​ភ្ញាក់​រលឹក​ផង​ដែរ។ អ្វី​ដែល​សំខាន់​នោះ​ជា​ការ​បង្កើត​យន្តការ​រិះគន់​ស្ថាបនា[...]